ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បញ្ជា​ឱ្យ​បញ្ជូន​ខ្លួន​មេ​រង​នគរបាល​ ស្រុក​សំរោង​ទង​ទៅ ​តុលាការ​រឿង​បាញ់បោះ​សេរី​

ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឱ្យ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជូន​ខ្លួន​លោក​កង​ភា​រី​អធិការរង​នគរបាល​ស្រុក​សំរោង​ទង ទៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែសីហា ស្អែក​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ករណី​ផឹកស្រា​ស្រវឹង​បាញ់បោះ​សេរី​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន មានប្រសាសន៍ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែសីហា នេះ​ថា លោក កង ភា​រី អធិការរង​នគរបាល​ស្រុក​សំរោង​ទង គឺ​រំលោភ​បទបញ្ជា ពេល​ថ្ងៃ​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​ខ្មែរ ។​

បទបញ្ជា​នគរបាល​ត្រូវ​ប្រចាំការ​ការពារ​ជូន​ប្រជាពលរដ្ឋ បែរជា​ទៅ​ផឹកស្រា​ស្រវឹង​និង​បាញ់បោះ​សេរី​ខុសច្បាប់​។​លោក​បាន​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជូន​ខ្លួន​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​ទៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែសីហា ស្អែក​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

យោងតាម​របាយការណ៍​របស់​អធិការនគរបាល​ស្រុក​សំរោង​ទង បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០២០​លោក​កង​ភា​រី​អធិការរង​ទទួល​ការងារ​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បានធ្វើ​សកម្មភាព​បាញ់បោះ​សេរី​ចំនួន ៣​គ្រាប​។ នៅ​ចំណុច​បរិវេណ​សាលាស្រុក​សំរោង​ទង និង​នៅ​ថ្ងៃទី​១៩ ខែសីហា បាន​នាំ​កូនចៅ​ឈរ​បាញ់​ដោយ​សេរី​ជាច្រើន​គ្រាប់​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *