ព័ត៌មានជាតិ

ក្រៅពីការរៀនសូត្រ យុវជនគ្រប់រូបគួរ តែចូលរួមការងារស្ម័គ្រចិត្ត ឬការងារសង្គមឱ្យបានច្រើនតាមលទ្ធភាពនិងពេលវេលាដែលខ្លួនមាន

សង្គមមួយរីកចម្រើនខ្លាំងទៅបាន លុះត្រាតែសង្គមនោះពោរពេញដោយធនធានមនុស្ស ពោលគឺជាធនធាន មួយដែលមានសក្ដានុពល មានការអប់រំខ្ពស់ មានសីលធម៌ គុណធម៌ ចរិយាធម៌ មានការគិតស៊ីជម្រៅ និងមាន ភាពជាពលរដ្ឋល្អក្នុងសង្គម។ ផ្ទុយទៅវិញប្រសិនបើពលរដ្ឋ ឬយុវជនក្នុងសង្គមមួយមានផ្នត់គំនិតពឹងផ្អែក ទៅលើតែសង្គម ឬរស់នៅដោយចង់បានតែជំនួយពីសង្គម ប្រាកដណាស់សង្គមនោះមិនមានការរីកចម្រើន នោះទេ។ មែនទែនទៅយុវជនគឺសំដៅដល់ក្រុមមនុស្សដែលកំពុងស្ថិតក្នុងបឋមវ័យ ដែលកំពុងត្រូវការជាចាំ បាច់នូវការលូតលាស់ទាំងរាងកាយ កម្លាំងស្មារតី ចិត្ត និងបញ្ញា មិនខុសពីពាក្យចាស់លោកពោលថា (យុវជនជាសសរទ្រូងប្រទេសជាតិ) (យុវជនគឺជាទំពាំងស្នងឫស្សី)….។ ក្រៅពីការរៀនសូត្រ យុវជនគ្រប់រូបគួរ តែចូលរួមការងារស្ម័គ្រចិត្ត ឬការងារសង្គមឱ្យបានច្រើនតាមលទ្ធភាពនិងពេលវេលាដែលខ្លួនមាន តែមិនមែន មានន័យថាស្ម័គ្រចិត្តរហូតភ្លេចរៀនសូត្រ ភ្លេចបាយ ភ្លេចទឹកនោះទេ ម៉្យាងការងារស្ម័គ្រចិត្តគឺពោរពេញ ដោយឱកាសសម្រាប់ការលូតលាស់របស់យើង អ៊ីចឹងហើយយុវជនគួរចេះទាញប្រយោជន៍ និងចេះចាប់យក ឱកាសដើម្បីអភិវឌ្ឍខ្លួនឯង អភិវឌ្ឍសង្គមជាតិ និងសង្គមគ្រួសារ។ បច្ចុប្បន្នការងារស្ម័គ្របានកើនឡើង គួរឱ្យកត់សម្គាល់ ជាពិសេសយុវជនបានចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មលើការងារស្ម័គ្រចិត្តទាំងនោះ។ ការងារស្ម័គ្រចិត្តគឺជាការងារមួយជួយសង្គមមួយផ្នែក ហើយវាអាចធ្វើឱ្យអ្នកស្ម័គ្រចិត្តនោះមានអារម្មណ៍ថា សប្បាយ និងរីករាយក្នុងការរួមចំណែកជួយសង្គមជាតិ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចធ្វើឱ្យយើងមានបទពិសោធ ធ្វើការងារនោះផងដែរ ជាពិសេសគឺយល់ពីការងារជាក្រុម។ ការដែលយុវជនចូលរួមការងារស្ម័គ្រចិត្តច្រើន នោះគឺនឹងអាចធ្វើឱ្យយុវជន ៖
»ស្គាល់មនុស្សប្លែកៗច្រើនដើម្បីបង្កើនចំណងមិត្តភាព
» អាចឱ្យយើងយល់ពីសង្គមមនុស្ស
» អាចធ្វើឱ្យយើងយល់ដឹងពីកិច្ចការងារជាក្រុម
» កាត់បន្ថយភាពតាងតឹង(ស្ត្រេស)
» អាចឱ្យយើងអភិវឌ្ឍបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន នៅពេលជួបមនុស្សថ្មីៗ
» អាចឱ្យយើងស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយ ហើយមានទំនួលខុសត្រូវខ្ពស់
» ជាឱកាសសម្រាប់បញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដែលយើងមាន
» ចូលរួមចំណែកអភិវឌ្ឍសហគមន៍ឱ្យមានភាពរីកចម្រើននិងប្រសើរឡើង…។
ក្នុងនាមខ្ញុំជាអ្នកចូលចិត្តធ្វើការងារស្ម័គ្រម្នាក់ចង់បញ្ជាក់បន្ថែមដែរថា ការងារស្ម័គ្រចិត្តអាចផ្ដល់នូវគុណសម្បត្តិ និងគុណវិបត្ត ប្រសិនបើយើងប្រព្រឹត្តខុស មានន័យថា បើយើងគិតតែពីចូលរួមការងារស្ម័គ្រចិត្តហើយចោល ការសិក្សានោះប្រាកដជាមានបញ្ហា ហើយមួយទៀតបើយើងធ្វើទាំងមិនដឹងគោលដៅច្បាស់លាស់ពីការងារ នោះពោលគឺចេះតែស្ម័គ្រចិត្តតាមតែគ្នាបបួលដើម្បីតែភាពសប្បាយជួបជុំនោះក៏វាជារឿងមួយដែលមិនគួរគប្បីដែរ យើងមិនគួរស្រឡាញ់និងធ្វើការងារស្ម័គ្រចិត្តងប់ងល់ពេកនោះទេ ពោលគឺយុវជនត្រូវស្ម័គ្រចិត្តធ្វើដោយ មានស្មារតីទទួលខុសត្រូវ មានជំហររឹងមា មានគោលដៅ យល់ពីការងារនោះឱ្យបានច្បាស់ដើម្បីកុំឱ្យខាត ពេលវេលា ។ លើសពីនេះបើតាមគំនិតរបស់ខ្ញុំ យុវជនល្អត្រូវចេះ ៖
» គោរពរពច្បាប់ : យុវជនទាំងអស់ត្រូវចេះគោរពច្បាប់ទាំងអស់គ្នាព្រោះច្បាប់អាចធ្វើឱ្យសង្គមមួយមាន សណ្ដាប់ធ្នាប់ល្អ មានវិន័យ និងមានសីលធម៌ ពោលគឺយុវជនមិនគួរប្រព្រឹត្តទង្វើដែលប្រាស់ចាកពីច្បាប់ ក្នុងសង្គមនោះព្រោះដើម្បីជាគម្រូល្អសម្រាប់មនុស្សនៅជុំវិញខ្លួនក៏ដូចជាក្មេងៗជំនាន់ក្រោយៗទៀត ហើយ ច្បាប់គឺនឹងអាចធ្វើឱ្យមនុស្សចេះគោរពគ្នាទៅវិញទៅមកនៅក្នុងសង្គម ។
» ខិតខំសិក្សារៀនសូត្រ: មិនប៉ោឡែ មិនបង្កភាពអសន្ដិសុខក្នុងសង្គម ពោលគឺប្រឹងក្រេបជញ្ជក់យកចំណេះ វិជ្ជាដើម្បីរួមចំណែកកសាងសង្គម ដូចមានពំនោលមួយលើកឡើងថា «ដាំនៅសាលាផ្លែផ្កានៅក្នុងសង្គម»។
» មានមនសិកាស្រឡាញ់ជាតិ : មានន័យថាចូលរួមលើគ្រប់វិស័យក្នុងការអភិវឌ្ឍជាតិមាតុភូមិ ត្រូវស្រឡាញ់ និងត្រូវការពារឱ្យបាននូវវប្បធម៌ ប្រពៃណីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនតែប៉ុណ្ណោះយុវជន ត្រូវ ចៀសឱ្យឆ្ងាយពីការបំពុលសង្គមតាមរយៈរូបភាពផ្សេងៗដែលនាំឱ្យសង្គមមានភាពវឹកវរចលាចល ជាពិសេសគឺមិនគួរផ្សព្វផ្សាយពត៌មានមិនពិត បំពុល បំប៉ោង បំភ្លៃដែលនាំឱ្យសង្គមមិនមានដំណើរការល្អ។
» ចេះស្គាល់ពីខ្លួនឯង : គឺមានន័យថាយុវជនត្រូវដឹងនិងស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ឱ្យបានច្បាស់ ហើយព្យាយាមខិតខំដុសខាត់កែច្នៃខ្លួនឯងឱ្យបានល្អ មានតម្លៃនិងឱ្យអ្នកផងត្រូវការជាពិសេស ត្រូវរៀនសូត្រពីគ្រប់មជ្ឍដ្ឋាននូវអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួន។
» ចេះចែករំលែក : នៅទីនេះខ្ញុំចង់បានន័យថាយុវជនត្រូវមានផ្នត់គំនិតចេះចែករំលែកឱ្យគ្នាទៅវិញទៅមក កុំកំណាញ់ កុំចិត្តចង្អៀត កុំអញនិយម។ ជាក់ស្ដែងតាមបទពិសោធខ្ញុំផ្ទាល់យល់ឃើញថាយុវជនយើងមួយ ចំនួនសព្វថ្ងៃនេះពុំទាន់មានការចេះចែករំលែកនៅឡើយពោលគឺគាត់នៅមានចិត្តមិនទូលាយចំពោះគ្នា មិនសូវ ចេះប្រឹក្សាយោបល់ល្អៗឱ្យគ្នានោះទេ ដូចនេះខ្ញុំគិតថាយុវជនត្រូវតែមានគោលគំនិតចេះចែករំលែកឱ្យបាន ច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយរៀនមើលគ្នាក្នុងផ្លូវវិជ្ជមានល្អ មិនវាយប្រហារគ្នាដើម្បីផល ប្រយោជន៍ឬ ក្នុងរូបភាពមិនល្អណាមួយនោះទេ ហើយគួរចេះចែករំលែកមិនថាជាគំនិតយោបល់ចំណេះ ឬការងារផ្សេងៗទៀតនោះទេ យើងត្រូវចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នដើម្បីឱ្យសង្គមយើងពោ ពេញដោយ ភាពរឹងមាំ និងសម្បូរសប្បាយ។
អ៉ីចឹងហើយដើម្បីរុញនាវាសង្គមមួយឱ្យដំណើរទៅបានប្រកបដោយនិរន្តរភាព វិបុលភាព សុវត្ថិភាព និង សន្ដិតាពពេញលេញទៅបាន សង្គមនោះពិតជាត្រូវការចូលរួមយ៉ាងសស្រាក់សស្រាំពីយុវជនទាំងអស់គ្នាគ្រប់ ទិសទី ហើយយុវជននោះត្រូវតែមានឧត្តមគតិ និងគិតប្រយោជន៍រួមជាធំ ជាពិសេសនោះគឺដឹងពីតួនាទីរបស់ខ្លួនផងដែរ។
អត្ថបទ៖ លោក លីម អាស៊ីគីន

Leave a Reply

Your email address will not be published. Required fields are marked *