ឯកឧត្តម ជិន ម៉ាលីន អនុប្រធាននិងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហោះតាមfacebook របស់លោក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ថា “
សេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំង២០អំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ គឺមិនសមស្រប ខុសនឹងនីតិវិធីច្បាប់និងរដ្ឋធម្មនុញ្ញកម្ពុជា និងមានចរិតជានយោបាយ ដោយមូលហេតុចំនួន៥ “ ដូចខាងក្រោម៖
១. ផ្អែកតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នៃការបែងចែកអំណាចក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលមិនមានអំណាចដោះលែងអ្នកជាប់ឃុំដែលស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏គ្មានបុគ្គលឬស្ថាប័នណាអាចបង្គាប់បញ្ជាតុលាការដែលជាស្ថាប័នឯករាជ្យបាននោះដែរ។
២. នៅកម្ពុជា មិនមានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ គឺមានតែអ្នកនយោបាយដែលមានទោសដោយសារតែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ នៅកម្ពុជា ការបញ្ចេញមតិដោយសន្តិវិធី គឺជាសិទ្ធិ មិនមែនជាបទល្មើសនោះទេ តែផ្ទុយទៅវិញ ការបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ សិន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ជាដើម។ល។ គឺជាបទល្មើស មិនមែនជាការអនុវត្តសិទ្ធិនោះទេ ចំណែកឯអ្នកដែលប្រព្រឹត្តអំពើល្មើសទាំងនេះ ក៏ត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ និងមិនត្រូវបានចាត់ទុកជាអ្នកទោសមនសិការដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ។
៣. ការអំពាវនាវឱ្យដោះលែងអ្នកទោសរបស់អង្គការទាំង២០នេះ ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយមិនផ្អែកលើមូលដ្ឋាននិងនីតិវិធីច្បាប់ដែលមានជាធរមាន មិនមែនជាវិធានការសមស្របនោះទេ តែផ្ទុយទៅវិញ វានឹងនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមទៅវិញទេ។ មានតែការដោះលែងដោយផ្អែកតាមនីតិវិធីច្បាប់ដែលមានជាធរមានទេ ហើយដែលបានអនុវត្តជាហូរហែនាពេលកន្លងមកផងដែរ ដូចជាវិធានការដោះលែងដែលបានប្រើប្រាស់ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការរបស់ក្រសួងយុត្តិធម៌ និងវិធានការនៃការលើកលែងទោសនិងបន្ធូរបន្ថយទោសរបស់រដ្ឋាភិបាលដែលធ្វើជារៀងរាល់ឆ្នាំ ជាដើម។ល។ ទើបអាចធានាបាននូវសន្តិសុខសង្គម និងកាត់បន្ថយការកើនឡើងជាគំហុកនៃចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ។
៤. ចំណែកឯការដោះលែងអ្នកជាប់ឃុំតាមការអំពាវនាវរបស់អង្គការទាំង២០នេះ ដើម្បីដោះស្រាយបញ្ហានៃការឆ្លងកូវវីដ-១៩ក្នុងពន្ធនាគារ ក៏មិនមែនជាវិធានការសមស្របនិងមានប្រសិទ្ធភាពនោះដែរ តែផ្ទុយទៅវិញ មានតែវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃការគ្រប់គ្រងពន្ធនាគារឱ្យបានហ្មត់ចត់នោះទេ ដែលក្រសួងសុខាភិបាលនិងអគ្គនាយកដ្ឋានពន្ធនាគារបាននិងកំពុងអនុវត្ត ទើបជាវិធានការសមស្រប និងអាចធានាបាននូវសន្តិសុខសង្គមនិងប្រសិទ្ធភាពនៃទប់ស្កាត់ការឆ្លងរាលដាលកូវវីដ-១៩នេះក្នុងពន្ធនាគារ។
៥. ការអំពាវនាវដែលផ្ទុយទៅនឹងច្បាប់ និងមានចរិតជានយោបាយបែបនេះ នឹងមិនអាចជួយការពារដល់អ្នកជាប់ឃុំទាំងអស់នោះបានទេ តែផ្ទុយទៅវិញ មានតែការចូលរួមក្នុងដំណើរការនីតិរបស់តុលាការទេ ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ទើបជាមធ្យោបាយស្របច្បាប់តែមួយគត់ក្នុងការការពារដល់ក្រុមគោលដៅទាំងនោះ នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ។