ព័ត៌មានជាតិ

សមាគមវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម ចែករំលែកនូវក្តីស្រឡាញ់តាមរយៈយុទ្ធនាការ១$ ដើម្បីស្នាមញញឹម

សមាគមវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម ចែករំលែកនូវក្តីស្រឡាញ់តាមរយៈយុទ្ធនាការ១$ ដើម្បីស្នាមញញឹម

 

 

 

រាជធានីភ្នំពេញ ៖ នារសៀល ថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា គ.ស.២០២១នេះ លោក សួន វុទ្ធី ប្រធានសមាគមវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គម និងដោយមានការចូលរួមអមដំណើរដោយលោក លីម អាស៊ីគីន អនុប្រធានសមាគម លោកអគ្គលេខាធិការ ព្រមទាំងសមាជិក សមាជិកាប្រមាណ១០រូប បានចែករំលែកនូវក្ដីស្រឡាញ់ជូនដល់លោកតា លោកយាយ បងប្អូន ពូមីងដែលខ្វះខាតមួយចំនួននៅតាមផ្លូវ រួមមានបាយ អាហារ ភេសជ្ជៈ មី និងម៉ាសជាដើម ប្រកបដោយភាពស្និទ្ធស្នាល។

គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីរួមចំណែកផ្តល់ជូននូវអាហារ និងសម្ភារៈមួយចំនួន ក្នុងការជួយសម្រាលទុក្ខលំបាកដល់បងប្អូន លោកតា លោកយាយដែលជួបការលំបាកក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ-១៩។ ថវិកាដែលបានមកនេះ គឺក្រុមការងារបានរៃអង្គាសតាមរយៈកម្មវិធីយុទ្ធនាការ១$ ដែលបានមកពីសប្បុរសជនទាំងអស់ ផ្ញើតាមរយៈលេខកុងធនាគារដែលបានដាក់ជូននាពេលកន្លងមក។

ក្នុងនោះផងដែរលោក សួន វុទ្ធី ប្រធានសមាគមក៏បានក្រើនរំឭកចំពោះការបង្ការ ទប់ស្កាត់ និងការពារខ្លួនពីជំងឺកូវីដ-១៩ ដល់លោកតា លោកយាយ បងប្អូន ពូមីងដែលបានអញ្ជើញមកទទួលអាហារនេះផងដែរ ជាពិសេសគឺអនាម័យ ការរស់នៅស្អាត និងគោរពឱ្យបានខ្ជាប់ខ្ជួននៅវិធាន «៣កុំ ៣ការពារ» តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាចុងបញ្ចប់លោកប្រធានសមាគម និងក្រុមការងារបានថតរូបទុកជាអនុស្សាវរីយ៍ និងបានជជែកពិភាក្សាលើផែនការមួយចំនួនជាបន្តបន្ទាប់ទៀតសម្រាប់ត្រៀមធ្វើនៅពេលខាងមុខ ដើម្បីវឌ្ឍនភាពសមាគម ក៏ដូចជាចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែមានភាពប្រសើរឡើង។

អត្ដបទនិងរូបថត ៖ អគ្គលេខាធិការដ្ឋានសមាគម

Leave a Reply

Your email address will not be published. Required fields are marked *