ប្រតិបត្តិការនៃការជួយសង្រ្គោះជនរងគ្រោះដោយករណីលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់បន្ទាប់ពីជនរងគ្រោះចុងក្រោយត្រូវបានក្រុមជួយសង្រ្គោះបានរកឃើញនៅវេលាម៉ោង០១ និង០០នាទី រំលងអាធ្រាត ចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។
សូមជម្រាបជូនថាជនរងគ្រោះមានគ្នាចំនួន០៥នាក់ ដែលមានរាយឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ឡេង ឌៀប ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញា៉ហេង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។
២.ឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សង្គ្រោះបាន)។
៣.ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។
៤.ឈ្មោះ ឡេង ដាវ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។
៥.ឈ្មោះឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។
តាមការបំភ្លឺ របស់ឈ្មោះ ឡេង យុឹង ត្រូវជាឪពុករបស់ឈ្មោះ ឡេង សុខជា បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង០៥នាក់ បានចុះលេងទឹកសមុទ្រនៅ កន្លែងកើតហេតុខាងលើ ក្នុងខណៈពេលនោះ ឈ្មោះ ឡេង ដាវ បានលង់ទឹក បន្ទាប់មកបងប្អូនទាំង០៤នាក់ដែលកំពុងលេងទឹកជាមួយបាននាំគ្នាទៅជួយ ទើបបណ្តាលឱ្យទឹករលកបោកទាញយកទៅតាមទឹកបាត់អស់ ក្នុងនោះឈ្មោះ ឡេង សុខជា ដែលបានពាក់ពោងរូបក្ងាន ត្រូវបានជួយសង្រ្គោះទាន់ពេល។ ចំណែកឯឈ្មោះ ឡេង ឌៀប ក៏ត្រូវបានជួយបានភ្លាមៗដែរ តែបានស្លាប់ក្រោយពី ស្រង់យកមកលើគោក។ ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យក្រុមជួយសង្រ្គោះប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្តស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនឱ្យបានឃើញ លុះដល់ម៉ោង១៧ និង៥០នាទី ក្រុមជួយសង្គ្រោះបានរកឃើញសពជនរងគ្រោះឈ្មោះ ឡេង សុជាតា និងនៅម៉ោង២០ និង៤៥នាទី ក្រុមជួយសង្គ្រោះបានរកឃើញសពឈ្មោះ ឡេង ជ្រូក ហើយរហូតដល់ម៉ោង០១ និង០០នាទី រំលងអាធ្រាត ចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ក្រុមជួយសង្គ្រោះបានរកឃើញសពឈ្មោះ ឡេង ដាវ។
សូមជម្រាបជូនថា នៅតាមរមណីយដ្ឋាននានា ជាពិសេសបណ្តោយឆ្នេរ គឺយើងមានមន្ត្រីនគរបាលទេសចរណ៍ និងឆ្មាំសមុទ្រចុះល្បាត និងត្រៀមជួយសង្គ្រោះ ព្រមទាំងបានចុះអប់រំ ផ្សព្វផ្សាយ បិទស្លាកសញ្ញា និងណែនាំភ្ញៀវទេសចរដែលមកលេងកំសាន្តអំពីវិធានការសុវត្ថិភាព និងត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងមក ក៏មានករណីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ដែលចុះលេងទឹកសមុទ្រហើយបានលង់ទឹក ក្នុងនោះបានត្រូវបានក្រុមឆ្មាំសមុទ្រជួយសង្រ្គោះទាន់ពេលវេលា។ ដោយឡែកករណីខាងលើ គឺជាឧបទ្ទវហេតុដែលមិនគួរកើតមាន និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព។
ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តនៅតាមរមណីយដ្ឋាននានានៅខេត្តព្រះសីហនុ ជាពិសេសនៅតាមតំបន់ឆ្នេរសមុទ្រ ត្រូវអនុវត្តតាមការណែនាំ និងវិធានការសុវត្ថិភាព របស់មន្ត្រីទេសចរណ៍ និងមន្ត្រីនគរបាលទេសចរណ៍ ដោយត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេសមិនត្រូវបណ្តោយកូនតូចៗចុះលេងទឹកជ្រៅ ឬក្នុងស្ថានភាពដែលមានរលកធំៗបោកបក់នោះទេ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។
ប្រភព: រដ្ឋបាលខេត្តព្រះសីហនុ