ឯកឧត្តម ជិន ម៉ាលីន: លិខិតចំហរ៤ចំណុចអំពីទិដ្ឋភាពច្បាប់ ជូនអាស៊ីសេរី និងក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡីឯកឧត្តម ជិន ម៉ាលីន: លិខិតចំហរ៤ចំណុចអំពីទិដ្ឋភាពច្បាប់ ជូនអាស៊ីសេរី និងក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី៖
១. ក្នុងករណីសំណុំរឿងបណ្ឌិត កែម ឡី រដ្ឋមានកាតព្វកិច្ចធ្វើការស៊ើបអង្កេតនិងស្វែងរកនូវយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនយុត្តិធម៌តាមផ្លូវអារម្មណ៍និងផ្លូវនយោបាយតាមការទាមទារបស់ក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី នោះទេ។ យុត្តិធម៌តាមផ្លូវច្បាប់ មានន័យថា ការសម្រេចសេចក្តីត្រូវធ្វើឡើងដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន ព្រមទាំងមូលដ្ឋានភស្តុតាង និងសក្ខីកម្មផ្នែកច្បាប់រឹងមាំដែលកើតចេញពីការស៊ើបអង្កេតរបស់សមត្ថកិច្ច។
២. ក្នុងសំណុំរឿងព្រហ្មទណ្ឌ ប្រសិនបើភាគីពាក់ព័ន្ធណាមួយ មិនអាចទទួលយកបានការសម្រេចរបស់តុលាការ ពួកគេអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ក្នុងការប្តឹងទាស់ ប្តឹងឧទ្ធរណ៍ ឬប្តឹងសើរើក៏បាន ក្នុងករណីសេចក្តីសម្រេចចូលជាធរមានរួចហើយក៏ដោយ តែត្រូវមានភស្តុតាង ទឡ្ហីករណ៍ និងសក្ខីកម្មផ្នែកច្បាប់រឹងមាំ ផ្ទុយទៅនឹងការរកឃើញរបស់សមត្ថកិច្ច។
៣. ជាក់ស្តែង ក្រុមដែលធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី នាពេលកន្លងមក មិនដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ទាំងអស់នេះទេ ក្រៅតែពីការថ្លែងសារនយោបាយ ចោទប្រកាន់ រិះគន់ បន្តុះបង្អាប់សមត្ថកិច្ច និងដាក់ការមន្ទិលសង្ស័យ ដោយមិនមានភស្តុតាងផ្ទុយនិងមូលដ្ឋានផ្នែកច្បាប់រឹងមាំអ្វីទាំងអស់ តែផ្ទុយទៅវិញបែជាតម្រូវឱ្យសមត្ថកិច្ចជាអ្នកស្វែងរកភស្តុតាងផ្ទុយទាំងអស់នោះទៅវិញ ដែលនេះ គឺខុសទៅនឹងនីតិវិធីនិងបញ្ញត្តិច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា។
៤. ចំណែកឯការដែលស្នើឱ្យបង្កើតគណៈកម្មការឯករាជ្យមានការចូលរួមពីបរទេស ដើម្បីស៊ើបអង្កេតលើសំណុំរឿងដែលតុលាការនៃរដ្ឋអធិបតេយ្យមួយបានបំពេញកិច្ចនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់ខ្លួនចប់សព្វគ្រប់រួចអស់ហើយនោះ ក៏មិនអាចទៅរួចដែរ ដោយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ជាតិរបស់កម្ពុជា ជាពិសេសគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់រដ្ឋ ដែលមិនអនុញ្ញាតឱ្យបង្កើតរដ្ឋលើរដ្ឋអធិបតេយ្យនោះឡើយ។
ភ្នំពេញ, ១១ កក្កដា ២០២១
ឯកឧត្តម ជិន ម៉ាលីន
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា