ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលផ្តេចជ្ញាបន្តសកម្មភាពបំរើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានគូសបញ្ជាក់ថា ក្រុមការងារចលនាស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់យកបេះដូង និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ តាមរយៈភាពជាអ្នកដឹកនាំដែលមានការយកចិត្តទុកដាក់ ឆ្លើយតបទាន់ពេលវេលា មានប្រសិទ្ធភាព តាមគោលការណ៍និងស្មារតីគណបក្សប្រជាជនកម្ពុជា គឺ «មិនទុកឱ្យនរណាម្នាក់នៅឯកោ» នោះឡើយ។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៧ របស់ក្រុមការងារចលនាស្រ្តី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក្រុមការងារចលនាស្ត្រីតាមបណ្តាក្រុង ស្រុកទាំង១៣ របស់ខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សស្រុក ក្រុង ទាំង១៣ របស់ខេត្តកណ្តាល។

នៅក្នុងបរិយាកាសរីករាយនោះ សម្តេចរដ្ឋសភាធិបតីបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិក សមាជិកាគណបក្សទាំងអស់។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែនៅជាប់ជាមួយពលរដ្ឋទាំងអស់គ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងលើកទិសដៅបន្តរបស់ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលបានប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យលទ្ធផលសម្រេចបាន ពិនិត្យមើលបញ្ហាប្រឈម និងផែនការការងារត្រូវអនុវត្តបន្ត។ ក្រុមការងារចលនាស្ត្រី ជាយន្តការមួយយ៉ាងរឹងមាំដែលមានរចនាសម្ព័ន្ធចាត់តាំងពីថ្នាក់ខេត្តដល់ថ្នាក់ភូមិ ក្នុងការជួយបម្រើសកម្មភាពការងារគណបក្ស ផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋឱ្យបានជាប់ជាប្រចាំ។

បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលនិងទិសដៅបន្ត របស់ លោកជំទាវ ស្រ៊ុន ស្រីនាង អនុប្រធានប្រចាំការក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក៏ដូចជាចំណាប់អារម្មណ៍របស់ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងប្រសាសន៍លើកឡើងរបស់ប្រធានក្រុមការងារចលនាស្ត្រីស្រុក ក្រុងទាំង១៣ របស់ខេត្តកណ្តាលរួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារក្រុមការងារចលនាស្ត្រី ដែលសម្រេចបាន។ លទ្ធផលការងារដ៏ត្រចះត្រចង់នេះបង្ហាញពីការចូលរួម និងការបំពេញការងារយ៉ាងសកម្ម របស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សទាំងអស់ ទាំងបុរសនិងស្ត្រី មិនមែនតែក្រុមការងារចលនាស្ត្រីនោះទេ។ សមាជិកទាំងអស់បានសាមគ្គីគ្នាយ៉ាងល្អដើម្បីសម្រេចឱ្យបាននូវបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *