ព័ត៌មានសុខភាព និងសម្រស់

ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការបានលើកទឹកចិត្ត អង្គការ FHI 360 ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយពិនិត្យលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃគម្រោងបច្ចុប្បន្ននេះ

ភ្នំពេញ:នៅព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ដែលដឹកនាំដោយ លោកស្រី Desiree Pipkins ប្រធានផ្នែកផលប៉ះពាល់ប្រចាំការិយាល័យកណ្តាលសហរដ្ឋអាមេរិក នៃអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) នៅទីស្តីការក្រសួងសុខាភិបាល។

 

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ដែលបានចូលរួមជាមួយក្រសួងសុខាភិបាល ដែលបានគាំទ្រក្រសួងសុខាភិបាលក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា ជាពិសេស សមិទ្ធផលធំៗជាច្រើនសម្រេចបាននៅក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលកម្ពុជា បានធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ។

 

លោកស្រី Desiree Pipkins ប្រធានផ្នែកផលប៉ះពាល់ប្រចាំការិយាល័យកណ្តាលសហរដ្ឋអាមេរិក នៃអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) បានជម្រាបជូនអង្គប្រជុំថា អង្គការ FHI 360 ជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងកំពុងអនុវត្តសកម្មភាពនៅប្រទេសចំនួនជាង ៦០។ អង្គការ FHI 360 មានបេសកកម្មចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវសមធម៌ សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិ តាមរយៈការប្រើប្រាស់ទិន្នន័យ និងការស្វែងរកដំណោះស្រាយដែលដឹកនាំដោយមូលដ្ឋាន។ អង្គការ FHI 360 នៅប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការ កាលពីឆ្នាំ១៩៩៨ និងបច្ចុប្បន្នកំពុងអនុវត្តសកម្មភាព និងផ្តល់ជំនួយបច្ចេកទេស លើគម្រោងសកម្មភាពចំនួន ៨ ដែលក្នុងនោះមាន គម្រោងចំនួន៥ ផ្តោតលើវិស័យសុខាភិបាល និងគម្រោងចំនួន៣ទៀត ផ្តោតលើវិស័យបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ គណនេយ្យភាពសង្គម និងការពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល។ លោកស្រីក៏មានប្រសាសន៍បន្ថែមទៀតថា សកម្មភាពទាំងអស់នេះបានទទួលការគាំទ្រផ្នែកថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មូលនិធិសកលរដ្ឋាភិបាលប្រទេសអៀកឡង់  មូលនិធី Bill & Melinda Gates Foundation អង្គការ DFAT, US-CDC និងម្ចាស់ជំនួយមួយចំនួនទៀត។ អង្គការបាន និងកំពុងអនុវត្តគម្រោងសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលជាច្រើន ដូចជា៖

១-គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) ដំណាក់កាលទី១ និងទី២

២-គម្រោងសម្រេចឱ្យបាននូវគោលដៅ និងរក្សាការគ្រប់គ្រងការឆ្លងរីករាលដាលមេរោគអេដស៍ (EpiC): មាន

រយៈពេល៥ឆ្នាំ (២០២០ – ២០២៥)

៣-គម្រោងការតាមដាន និងស្រាវជ្រាវជំងឺឆ្លង (IDDS): មានរយៈពេល ៦ឆ្នាំ (២០១៨-២០២៤)

៤-គម្រោង Alive & Thrive: មានរយៈពេល ៥ឆ្នាំ (២០១៩-២០២៥)

៥-គម្រោង EGHS (Enhancing Global Health Security): មានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ នឹងបានស្នើសុំការគាំត្របន្ថែមទៀតពីក្រសួងសុខាភិបាល លើការអនុវត្តន៍គម្រោងបច្ចុប្បន្ន និងថ្ងៃអនាគត។

 

ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្ត អង្គការ FHI 360 ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយពិនិត្យលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃគម្រោងបច្ចុប្បន្ននេះ ដូចជាការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព EQHA II បានចូលរួមជួយលើកកំពស់សុខភាពប្រជាជនយើងនៅតាមសហគមន៍ និងបានចូលរួមធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ ក្នុងបរិបទនៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលកម្ពុជា ផ្តល់ការគាំទ្រដល់គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ ក្នុងការធានាគុណភាពក្នុងការអនុវត្តមុខងារ តាមរយៈការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងព័ត៌មានដោយប្រើប្រាស់ទម្រង់បច្ចេកវិទ្យាបន្ថែមក្នុងប្រព័ន្ធដែលមានស្រាប់ ផ្តល់ការគាំទ្រ ក្នុងការពង្រឹងសមត្ថភាពការបំពេញតួនាទីរបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងដំណើរការស្រាប់ក្នុងការកែទម្រង់កម្មវិធីបណ្តុះបណ្តាល និងស្នើសុំពិនិត្យលទ្ធភាពគាំទ្រការងារសុខភាពឌីជីថលផងដែរ។

 

ឯកឧត្តមរដ្ឋលេខាធិការ   បានបញ្ជាក់ថា ក្រសួងសុខាភិបាលគាំទ្រទាំងស្រុងការអនុវត្តគម្រោងការ របស់អង្គការដែលបានចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ប្រភព: ក្រសួងសុខាភិបាល

Leave a Reply

Your email address will not be published. Required fields are marked *